ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំថ្មី ត្រូវបានប្រកាសចូលកាន់តំណែង
កំពង់ធំ ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៥ បានអញ្ជើញប្រកាសចូលកាន់តំណែង លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលទើបទទួលបានការតែងតាំងថ្មី។
ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាខេត្តព្រមឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងអស់លោកជាប្រធានមន្ទីរស្ថាប័ណ្ណជុំវិញខេត្ត សរុបប្រមាណ ២៥០នាក់ ។
បន្ទាប់ពីឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពីការតែងតាំង លោក តាន់ វាសនា ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំនិងពិធីប្រគល់អនុក្រឹត្យ និងត្រារបស់មន្ទីរជូនលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ។
លោកប្រធានមន្ទីរអភវឌ្ឍន៍ជនបទខេត្តកំពង់ធំ ថ្មីបានប្ដេជ្ញាចិត្តខិតខំឱ្យអស់ពីកម្លាំង កាយចិត្ត បំពេញតួនាទី ភារកិច្ចក្នុងជានាមសេនាធិការបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសុច្ចរិត ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តកំពង់ធំ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជននៅទូទាំងខេត្ត។
ឯកឧត្តម នួន ផារ័ត្ន អភិបាលកំពង់ធំ បានមានសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅជូនដល់អង្គពិធី និងធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ ស្ថានភាពសង្គម សេដ្ឋកិច្ច និងសមិទ្ធផលរីកចម្រើននានាលើគ្រប់វិស័យដែលរដ្ឋបាលខេត្តសម្រេចបាន ជាពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណៈ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃកម្រិតជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងខេត្ត។
ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបាន ទាំងផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងបានថ្លែងការកោតសរសើរ និងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ លោក មុំ ចែម អតីតប្រធានមន្ទីរ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ រួមមានហេដ្ឋារចនាសម្ព័ន្ធជនបទដូចជា ផ្លូវថ្នល់ អណ្ដូងទឹក បង្គន់អនាម័យ ការងារអភិវឌ្ឍន៍សគមន៍ នៅតាមតំបន់ជនបទ ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងម៉ឹងម៉ាត់ថែរក្សាកេរដំណែលជាប្រវត្តិសាស្រ្ត ដែលកសាងឡើងដោយរាជរដ្ឋាភិបាលនីតិកាលកន្លងមក ជាពិសេសការពារសុខសន្តិភាព ឯករាជ្យ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការខិតខំអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខ និងមាននិរន្តរភាព ស្របតាមនិន្នាការ នយោបាយ សេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា ដោយការដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា, និងមានបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យ“កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។ ជាមួយគ្នានោះដែរ ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្ម ក្រោមចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព”តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង។
ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍គន្លឹះជូនចំពោះប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដែលទើបទទទួលបានការតែងតាំង ដើម្បីជាត្រីវិស័យច្បាស់លាស់ក្នុងការបំពេញតួនាទី ភារកិច្ចឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពដូចខាងក្រោម៖ ១. ត្រូវពង្រឹងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងអង្គភាព ដោយមានចក្ខុវិស័យ គោលដៅ យុទ្ធសាស្ត្រ ត្រួតពិនិត្យ វាយតម្លៃ និងធ្វើការកែលម្អជាប្រចាំ ឈរលើតួនាទី និងភារកិច្ចរបស់អង្គភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តមអភិបាលខេត្ត ៕










