បុរសម្នាក់ របួសបាក់ភ្លៅម្ខាង ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

បាត់ដំបង ៖ បុរសម្នាក់បានរងរបួសបាក់ភ្លៅម្ខាងក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងរវាងរថយន្តនិងម៉ូតូនៅវេលាម៉ោង ០៨និង៥០ នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងក្រុមទី១០ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្ត០១គ្រឿងម៉ាក Morning ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2C-6323 បើកបរដោយឈ្មោះ ផល លីណា ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AK-8602 បើកបរដោយឈ្មោះ សុខ សារ៉េត ភេទប្រុស អាយុ ៤៥ឆ្នាំ ក្នុងទិសដៅពីលិចទៅកើត លុះមកចំណុចកើតហេតុខាងលើក៏បានបុកគ្នាពេញទំហឹងបណ្តាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ (បាក់ភ្លៅម្ខាង) ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យនគរបាលខេត្ត ចំណែករថយន្តនិងម៉ូតូខាងលើត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តចុះទៅវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This