អាវុធហត្ថឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ បញ្ជូនទៅតុលាការ ជាមួយថ្នាំញៀន ០៩កញ្ចប់
បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការជាមួយថ្នាំញៀន ០៩កញ្ចប់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបានជនជាតិចិនតៃវ៉ាន់ចំនួន០១នាក់ ឈ្មោះ ចាង យូ លុន (JAGN YU LUN) ហៅ ហេមាន ភេទប្រុសអាយុ២៦ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន០៩ថង់កិបទម្ងន់ ៤១៧,៤០ក្រាម, ទូរស័ព្ទ ចំនួន០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង, ទូដែក ចំនួន០១, ប្រអប់ដែក ចំនួន០១, សៀវភៅលិខិតឆ្លងដែន ចំនួន០១ក្បាល, កាតការងារជនបរទេស ចំនួន០១សន្លឹក ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីចាត់កាត់តាមនីតិវិធី ។
លោកបន្តថា ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេទើបតែបានជួលបន្ទប់សម្រាប់ស្នាក់នៅកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។ ប៉ុន្តែតែនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះបង្ក្រាបករណីបើកល្បែងឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់ នៅចំណុចអគារដែលរូបគេបានស្នាក់នៅ ស្របពេលនោះសមត្ថកិច្ចចុះត្រួតពិនិត្យឃើញទូដែករបស់ខ្លួន នៅក្នុងបន្ទប់ ហើយឆែករកឃើញមានគ្រឿងញៀនចំនួន០៩កញ្ចប់ ទើបឃាត់រូបខ្លួនតែម្ដង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី ៕


