អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវឱ្យរួមគ្នាបង្ការ ទប់ស្កាត់និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺនិងជាគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ខេត្ត លោក ជាម ច័ន្ទសោភ័ណ បានធ្វើការអំពាវនាវទៅគ្រប់ភាគីពាក់ព័ន្ធឱ្យរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា។ការអំពាវនាវធ្វើឡើងក្នុងឱកាសដុតបំផ្លាញគ្រឿងញៀនថ្នាក់ខេត្តថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នៅលើទីលានស្ថិតក្នុងភូមិតាម៉ល់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការដុតបំផ្លាញចោលនូវគ្រឿងញៀនដែលបានពីការរូបអូសគ្រប់រូបភាពគឺជាសក្ខីភាពមួយដែលបានបង្ហាញយ៉ាងប្រត្យក្សនៃការប្រឆាំងការដូញដូរគ្រឿងញៀនដោយខុសច្បាប់ ហើយក្នុងរូបភាពនេះគឺបានជំរុញសកម្មភាពយុទ្ធនាការ ដ៏មហាឡោរិកនិងផុសផុល ពីការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ពិសេសបង្ហាញពីស្មារតីរួម និងចលនាជាតិមួយគឺចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន។

អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ  បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយក្នុងនោះ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវអនុវត្តគោលការណ៍សម្អាតចកចេញពីបឹងរបស់សម្តេចធិបតី តាមរយៈការបន្ត ធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំ ដើម្បីរក្សាភាពស្អាតស្អំនិងអភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ។

លើកឡើងក្នុងឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ខេត្តបានក្រើនរំឭកបន្ថែមដល់គ្រប់ភាគីពាក់ព័ន្ធសូមបន្តស្មារតីរួបរួម និងចលនាជាតិមួយចាប់ពីពេលនេះតទៅ ដើម្បីយ៉ាងណាកាត់ផ្តាច់ឱ្យបាននូវឫសគល់នៃបញ្ហាគ្រឿងញៀន ផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់នៃគ្រឿងញៀន ក្លាយជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងសង្គមខ្មែររបស់យើង ពោលគឺចាប់ផ្ដើមពីគ្រួសារមួយ រហូតដល់សាលារៀន កន្លែងធ្វើការ នៅតាមព្រឹត្តិការណ៍ធំៗ ពិធីបុណ្យទាននានានិងគ្រប់វេទិកាទាំងអស់ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរយើង មានជំនឿចិត្តក្នុងខ្លួនថា ខ្លួននឹងមិនពាក់ព័ន្ធជាដាច់ខាតទៅនឹងគ្រឿងញៀន។យុវជន យុវនារីត្រូវទាញយកនិងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃNoDrug ដើម្បីធ្វើជា ភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ច ក្នុងការរាយការណ៍ពីសកម្មភាពនានានៃគ្រឿងញៀនក្នុងសហគមន៍។

ហើយទន្ទឹមនោះក្នុងនាមជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ខេត្តក៏សូមធ្វើការណែនាំដល់គ្រប់អង្គភាពអនុវត្តច្បាប់ទាំងអស់ សូមឈរលើស្មារតី(៣កុំ ១រាយការណ៍)គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានក្តៅគគុកដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋនៃគ្រឿងញៀន បង្ក្រាបឱ្យបានដល់មេក្លោងចែកចាយដើម្បីកាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឱ្យបាននូវឫសគល់នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។ក្នុងនោះ វិស័យឯកជនទាំងអស់ រួមមាន ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន និងអង្គការ សមាគមនានា ត្រូវបន្តចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាលលើវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការសហការជួយលើការងារផ្សព្វផ្សាយអប់រំ ក្រោមរូបភាពផ្សេងៗ ព្រោះការចូលរួមពីវិស័យឯកជន គឺជាកម្លាំងចលករមួយមិនអាចខ្វះបានក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This