កិត្តិសេដ្ឋាបណ្ឌិត ជាម យៀម ដឹកនាំប្រតិភូនិងអាជ្ញាធរខេត្តកំពង់ស្ពឺ កាន់បិណ្ឌទី៧ នៅវត្តសត្វគីរីស្វារៈ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានរដ្ឋសភា និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហាក់ ជូ បានអញ្ជើញចូលរួមកាន់បិណ្ឌទី៧នៅវត្ដសត្វគីរីស្វារៈ(ហៅវត្តគីរីរម្យ) ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរពីលោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោកស្រី ម៉េង វ៉ាន់ដានីន និងមន្ត្រីរាជការតាមស្ថាប័នមន្ទីរជុំវិញខេត្ត។
នៅក្នុងឱកាសកាន់បិណ្ឌនោះ កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងមហាឧសិកាពុទ្ធសាសនូបត្ថម្ភនិងក្រុមការងារបាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវកុសលទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋានទៅតាមប្រពៃណីសាសនាខ្មែរនិងឧទ្ទិសកុសលទៅដល់វីរៈកងទ័ពដែលបានពលីជីវិតនៅក្នុងសមរភូមិ។
គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំ កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភតែងតែដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តក្រុងប្រារព្ធពិធីបុណ្យប្រពៃណីជាតិនេះ នៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន។ នៅក្នុងឱកាសដ៏មហោឡារិកនេះ ក៏បានឧទ្ទិសសុំឱ្យមគ្គផលដែលកើតចេញពីការធ្វើបុណ្យថ្ងៃនេះ សូមឱ្យជាតិខ្មែរទាំងមូលបានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២… និងនៅថៃ្ងបញ្ចប់ គឺជាថៃ្ង (ភ្ជុំបិណ្ឌ)ធំតែម្តង។ សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី៨ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែកញ្ញា និងថ្ងៃភ្ជុំបិណ្ឌធំនៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៥ ៕









ដោយ ៖ ប៊ុត សារុន