រថយន្តTUNDRA បោះពួយលឿនជ្រុលទៅបុករង្វង់មូលលោកតាដំបងក្រញូង ទាំងយប់រំលងអធ្រាត្រ
បាត់ដំបង ៖ រថយន្តTUNDRA មួយគ្រឿងសង្ស័យអ្នកបើកបរបាត់បង់ស្មារតីបានជ្រុលចង្កូតទៅបុករង្វង់មូលលោកតាដំបងក្រញូងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១១ ខែតុលាឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងនេះ គឺរថយន្តម៉ាក TOYOTA TUNDRA ពណ៌ក្រហម ដែលមានផ្លាកលេខ បាត់ដំបង 2D 4444 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត លុះមកចំណុចកើតហេតុក៏ស្រាប់តែជ្រុលចង្កូតទៅបុករង្វង់មូលលោកតាដំបងក្រញូងពេញទំហឹង តែសំណាងល្អមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី


