លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបសំណេះសំណាល និងផ្តល់អំណោយកាកបាទក្រហមកម្ពុជា ដល់ពលរដ្ឋងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតចំនួន១៣២៩គ្រួសារមកពីភូមិចំនួន៤០០ ឃុំសង្កាត់ចំនួន២៧ ក្នុងស្រុកក្រុងចំនួន៤ នៃខេត្តកំពង់ស្ពឺ ដែលធ្វើឡើងក្នុងបរិវេណសាលាស្រុកថ្ពង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះជារាជរដ្ឋាភិបាលមម៉ាញឹកក្នុងការអភិវឌ្ឍប្រទេសជាតិ ពិសេសមម៉ាញឹកក្នុងការដោះស្រាយស្ថានការណ៍ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងសៀម ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគិតគូដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងជួបនូវការលំបាក ខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃ។ ហើយក្នុងនោះប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏តែងគិតគូនិងខ្វល់ខ្វាយពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្រុកក្រុងដូចគ្នា ដោយបានណែនាំទៅដល់បណ្តាសាខាកាកបាទក្រហមនៃខេត្តនីមួយៗបង្កើនការយកចិត្តទុកដាក់លើការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋពិសេសគឺតម្រូវការចាំបាច់នានាដែលកើតមានឡើងរួមមាន គ្រោះធម្មជាតិ គ្រោះទុរ្ភិក្ស ជំងឺដង្កាត់ផ្សេងៗ ។ល។

ក្នុងឱកាសសំណេះសំណាលនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានលើកឡើងដោយគូសបញ្ជាក់បន្ថែមថា ក្រោមការគិតគូនេះ រាជរដ្ឋាភិបាលក៏ដូចកាកបាទក្រហមកម្ពុជាបានផ្តល់នូវអំណោយមនុស្សធម៌ជួយដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះនិងខ្វះខាត ទីទ័លក្រ ដើម្បីជួយសម្រាលនូវការលំបាក ដូចជាក់ស្តែងការផ្តល់អំណោយមនុស្សធម៌ដល់បងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតចំនួន១៣២៩គ្រួសារ ក្នុងឃុំ សង្កាត់២៧នៃស្រុកក្រុងចំនួន៤នៃខេត្តកំពង់ស្ពឺនាកាសនេះ។

លោកជំទាវបណ្ឌិត បានរំលេចថា អំណោយដែលផ្តល់ជូននាឱកាសនេះថ្វីត្បិតវាតិចតួច តែពិតណាស់ថា វាបានជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈពេលខ្លី ដែលអាចផ្តល់ឱកាសឱ្យបងប្អូនអាចមានពេលវេលាចេញទៅរកស៊ីទទួលបានបានដោយមិនព្រួយបារម្ភពីកង្វះខាតក្នុងផ្ទះ។ទន្ទឹមនោះលោកជំទាវបណ្ឌិតក៏បានសន្យាផ្តល់ក្រុមគ្រូពេទ្យជំនាញរបស់សម្តេចតេជោនិងសម្តេចធិបតីទៅព្យាបាលជំងឺលោកយាយ លោកតា នៅដើមឆ្នាំ២០២៦នេះផងដែរ ក្រោយមើលឃើញថាលោកយាយ លោកតា មួយចំនួនធំមានជំងឺប្រចាំកាយដែលទាមទារឱ្យមានការព្យាបាលបន្ទាន់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាបានក្រើនរំឭកដល់អាជ្ញាធរខេត្ត ក្រុង ស្រុកនិងសាខាកាកបាទក្រហមឱ្យបង្កើនការយកចិត្តទុកបន្ថែមលើការងារទប់ស្កាត់ការបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលកើតមានក្នុងមូលដ្ឋាននិងតាមដានរាល់សុខទុក្ខបងប្អូននៅតាមមូលដ្ឋាន ដើម្បីបញ្ជាក់ថាគ្មានបងប្អូនណាម្នាក់ស្លាប់ដោយអត់បាយឬមិនមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនិងកាកបាទក្រហមកម្ពុជាឡើយ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This