អាវុធហត្ថបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៤នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យ ៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការបង្រ្កាបករណីដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ៖ ១-ឈ្មោះ ធី រដ្ឋា ហៅ អាក្រលិត ភេទប្រុស អាយុ១៩ឆ្នាំ (ដឹកជញ្ជូន និងប្រើប្រាស់), ២-ឈ្មោះ កែវ ពុទ្ធារ៉ុង (ហៅ តឿ/តូច) ភេទប្រុស អាយុ២៨ឆ្នាំ (ដឹកជញ្ជូន និងជួញដូរ), ៣-ឈ្មោះ ដឿម ជីវ័ន្ត ភេទស្រី អាយុ៣៤ឆ្នាំ (ដឹកជញ្ជូន), ៤-ឈ្មោះ អាង វិជ្ជា ភេទប្រុស អាយុ១៨ឆ្នាំ (ប្រើប្រាស់) ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង មួយចំនួនដូចជា ៖ កញ្ឆាក្រៀម ចំនួន១២ថង់ ទម្ងន់ ៤៦០០ក្រាម, ទឹកថ្នាំក្អកកូនក្មេង ចំនួន ០៩កេស ស្មើនឹង ៩៤៦ដប, ទឹកផ្លែឈើចម្រុះដបធំ ចំនួន៦៥ដប, បារីអេឡិចត្រូនិច ចំនួន៣៨ដើម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង,ឧបករណ៍ផលិតទឹកក្រាធុមមួយចំនួន , ម៉ូតូ ចំនួន ០២គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ រួចមកកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាង ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ លី គឹមហាក់

CATEGORIES
Share This