រថយន្តក្រុងដឹកអ្នកដំណើរ បុកគៀជាមួយរថយន្ត Prius បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
បាត់ដំបង ៖ រថយន្តក្រុងដឹកអ្នកដំណើរ០១គ្រឿងបានបុកគៀជាមួយរថយន្ត Prius បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនៅវេលាម៉ោង ០៩និង៥៣ នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកកែងសុភមង្គល ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តTOYOTA Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BY-5474 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត ចំណែករថយន្ត០១គ្រឿងទៀតជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរម៉ាក UNIVERSE ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3G-3693 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុផ្លូវកោងបានបត់គៀរថយន្តTOYOTA Prius ពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី


