ស្រ្តីជាអ្នកសារព័ត៌មាននាខេត្តពាយព្យ នៃប្រទេសកម្ពុជា ចូលរួមក្នុងវេទិការអ្នកសារព័ត៌មានស្រ្តី
បាត់ដំបង ៖ អ្នកសារព័ត៌មានស្រ្តី ចំនួន១០នាក់ នៃខេត្តពាយព្យ នៃប្រទេសកម្ពុជាកាលពីថ្ងៃទី៣ ខែធ្នូ ២០២៥ បានចូលរួមក្នុងវេទិការអ្នកសារព័ត៌មានស្រ្តីដែលប្រព្រឹត្តទៅនៅខេត្តបាត់ដំបង។
វេទិការអ្នកសារព័ត៌មានស្រ្តីនេះ ត្រូវបានរៀបចំឡើងដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងបណ្ដាញអ្នកសារព័ត៌មានស្ត្រី CFJ ដោយមានអ្នកសារព័ត៍មានជាស្រ្តីចូលរួមពីខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិននិងខេត្តបាត់ដំបង ក្រោមការសម្របសម្រួលពីវាល្មិនលោកស្រី ហង្ស សម្ភស្ស ប្រធានក្រុមបណ្ដាញអ្នកសារព័ត៌មានស្ត្រី CFJ, លោកស្រី រ៉ាត់ ស្រីពៅ គ្រូបង្គោលផ្នែកចិត្តសាស្រ្ត ។
វេទិកាអ្នកសារព័ត៌មានជាស្រ្តីនេះផងដែរ មានគោលបំណងពង្រីកបណ្តាញអ្នកសារព័ត៌មានស្ត្រី CFJ នៅខេត្តកំពង់ធំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបណ្តាញ និងសេវាកម្មដែលមានសម្រាប់អ្នកសារព័ត៌មាន ។ ផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មានជាស្ត្រី បានចែករំលែកបទពិសោធន៍ការងារ ពិភាក្សាអំពីឱកាស និងស្វែងយល់ពីបញ្ហា និងដំណោះស្រាយ បញ្ហាប្រឈមនានាទាក់ទងនឹងផលប៉ះពាល់ផ្លូវច្បាប់ ក៏ដូចជាផ្តល់វេទិកាសម្រាប់អ្នកពាក់ព័ន្ធក្នុងការចែករំលែកតួនាទីរបស់ពួកគេក្នុងការការពារសុវត្ថិភាពអ្នកសារព័ត៌មាន ទប់ស្កាត់ការប្រឆាំងឧក្រិដ្ឋកម្ម។ ការពារសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។ ស្វែងយល់ពីបញ្ហា និងរកដំណោះស្រាយ ប្រឹក្សាទាក់ទងនឹងផ្លូវច្បាប់ជូនអ្នកសារព័ត៌មានស្ត្រី។ ការយល់ដឹងពីសុខភាពផ្លូវចិត្តរបស់ខ្លួនឯង និងអ្នកដទៃ ។ ដឹងពីរបៀបកំណត់ផ្លូវចិត្តខ្លួនឯង មានវិបត្តិផ្លូវចិត្ត ឬអត់ ។ ដឹងពីរបៀបជួយខ្លួនឯង និងការរកជំនួយបែបណាពីរនាក់ជំនាញ ៕











ដោយ ៖ វណ្ណា


