មន្ទីរព័ត៌មានខេត្តប៉ៃលិន មន្ត្រីតិចតែសម្រេចផែនការណ៍បានល្អ គួរជាទីមោទនៈ
ប៉ៃលិន ៖ ឯកឧត្តម ឃួន វិចិត្រ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់មន្ទីរព័ត៌មានខេត្តប៉ៃលិន ដែលសម្រេចបានក្នុងឆ្នាំ២០២៥ ខណៈមានមន្ត្រីក្របខ័ណ្ឌតិច តែសម្រេចផែនការណ៍បានល្អ គួរជាទីមោទនៈ ។

ការណ៍នេះ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តប៉ៃលិន នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការ, លោក សោ សុវណ្ណ អភិបាលរងតំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន, អ្នកនាំពាក្យរដ្ឋបាលខេត្ត, ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត, យុវជនស្ម័គ្រចិត្តវិស័យព័ត៌មាន និងភ្នាក់ងារសារព័ត៌មានប្រចាំខេត្តជាច្រើនរូបទៀតផងដែរ ។

ឯកឧត្តម ឃួន វិចិត្រ បានមានប្រសាសន៍លើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ជាច្រើន ដល់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ក្នុងគោលបំណង ដើម្បីលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ជាពិសេសយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិនទាំងអស់ ដែលមានកិច្ចសហការ និងសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការិយាល័យនីមួយៗចំណុះឱ្យមន្ទីរ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការងារផ្សព្វផ្សាយ ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ ជាពិសេសបានបំពេញតួនាទីបានយ៉ាងសកម្ម ក្នុងនាមជាសេនាធិការឱ្យក្រសួងព័ត៌មាន និងគណៈបញ្ជាការខេត្ត ហើយក្នុងនោះក្រុមការងារគ្រប់គ្រង តាមដានព័ត៌មាន និងសាធារណៈមតិរបស់មន្ទីរ ក៏បានដើរតួរយ៉ាងសំខាន់ ក្នុងការបំពេញភារកិច្ចជាច្រើន ដោយមិនគិតពីពេលវេលាសម្រាកនោះទេ គឺត្រូវធ្វើការឆ្លើយតបភ្លាមៗ ទៅកាន់សាធារណៈជន នូវព័ត៌មានដែលពិត មានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយផងដែរ ។
ក្នុងកិច្ចប្រជុំនេះ លោក ញ៉ឹប បូរី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា សម្រាប់ការអនុវត្តការងារ រយៈពេល ១ឆ្នាំ ២០២៥នេះ មន្ទីរព័ត៌មានខេត្ត បានអនុវត្តន៍នូវតួនាទី និងភារកិច្ចរបស់ខ្លួន លើវិស័យព័ត៌មាន និងសោតទស្សន៍យ៉ាងសកម្ម ក្នុងក្របខណ្ឌរដ្ឋបាលខេត្ត ដោយបានបំពេញនូវការងារចុះយកព័ត៌មាន ថតរូបភាព តែងនិពន្ធ ចងក្រងអត្ថបទព័ត៌មាន ផលិតកម្មវិធីផ្សេងៗ និងស្ប៉តអប់រំខ្លីៗ ដើម្បីធ្វើការផ្សព្វផ្សាយតាមរយៈ វិទ្យុFMជាតិ, វិទ្យុបណ្ដាញ, ទូរទស្សន៍ជាតិខេត្ត, ទូរទស្សន៍ខ្សែកាបឯកជន គេហទំព័រ ព្រឹត្តិបត្រព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ព្រមទាំងធ្វើការបញ្ជូនទាំងខ្លឹមសារ និងរូបភាពទៅស្ថាប័នផ្សព្វផ្សាយជាតិ និងឯកជន នៅរាជធានីភ្នំពេញ រួមទាំងការផ្សាយបន្ត និងបន្តផ្តាល់ពីវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាជាប្រចាំ នូវរាល់ព្រឹត្តិការណ៍ និងព័ត៌មានសំខាន់ៗថ្នាក់ជាតិ ហើយបានធ្វើការត្រួតពិនិត្យជាប្រចាំ គ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងការគ្រប់គ្រងសាធារណៈមតិក្នុងខេត្តផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរស្តីទី ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលតែងតែយកចិត្តទុក្ខដាក់ និងឧបត្ថម្ភគាំទ្រដល់មន្ទីរព័ត៌មានខេត្ត រួមទាំងសម្ភារៈបច្ចេកទេសផងដែរ ដែលជាចលករជួយជម្រុញឱ្យវិស័យព័ត៌មាន នៅក្នុងខេត្ត មានការរីកចំម្រើនគួរឱ្យកត់សម្គាល់ ហើយសមទ្ធិផលទាំងនេះ បានបង្ហាញថា បណ្ដាញផ្សព្វផ្សាយរបស់ជាតិ កាន់តែមានភាពទូលំទូលាយ ជាពិសេសធ្វើអោយប្រជាពរលរដ្ឋ បានទទួលដំណឹងគ្រប់បែបយ៉ាង ដែលកើតឡើងនៅក្នុងសង្គមជាតិ និងអន្តរជាតិ។
លោក សោ សុវណ្ណ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានមានប្រសាន៍លើកឡើងថា បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរឯកឧត្តម ជា លីសែ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ និងផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន ព្រមទាំងភ្នាក់ងារសារព័ត៌មាន ក្នុងខេត្តទាំងអស់ សូមបន្តជួយផ្សព្វផ្សាយព័ត៌មានដែលពិត ចៀសវាងការផ្សាយព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូល ជាពិសេសត្រូវជួយផ្សព្វផ្សាយឱ្យបានផុសផុល ពីសមិទ្ធផល និងសក្តានុពលនានារបស់ខេត្តប៉ៃលិន ដើម្បីបង្ហាញពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ សម្រេចបាន ជាពិសេសត្រូវគ្រប់គ្រងការងារព័ត៌មាន និងសាធារណៈមតិក្នុងខេត្ត ឱ្យបានល្អ ប្រកបដោយ «បុរេសកម្ម, សកម្ម និងអន្តរសកម្ម»។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឃួន វិចិត្រ ក៍បានប្រគល់វចនានុក្រម ភាសារខ្មែរ ដល់មន្ទីរព័ត៌មានខេត្ត ដើម្បីប្រើប្រាស់បម្រើដល់ការសរសេរអត្ថបទ ខ្លឹមសារ និងព័ត៌មាន ឱ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធអក្សរសាស្ត្រជាតិ ព្រមទាំងបានប្រគល់បណ្ណសរសើ ដល់ប្អូនៗយុវជនស័្មគ្រចិត្តវិស័យព័ត៌មាន ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពីសក្តានុពល និងវិស័យទេសចរណ៍ក្នុងខេត្ត តាមរយៈបណ្តាញទំនាក់ទំនងសង្គម ៕























