ព្រះមន្រ្តីសង្ឃស្រុកមង្គលបូរី ផ្តល់អំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ នៅឃុំស្រះរាំង ចំនួន៣២គ្រួសារ
បន្ទាយមានជ័យ ៖ ដោយពិនិត្យឃើញ ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋតែបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះ ស្ថិតនៅក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំនួន៣២គ្រួសារ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នាបរិវេណ វត្តស្រះរាំង ត្រូវបានព្រះមន្ត្រីសង្ឃ ស្រុកមង្គលបូរីនិងមន្ទីរធម្មការ និងសាសនាខេត្តបានផ្តល់នូវអំណោយនិងថវិកាមួយចំនួនដើម្បីជួយសម្រាលបន្ទុកគ្រួសារដែលបានទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ហើយចំពោះគ្រួសារទាំង៣២នេះ អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធបានចុះជួយ ផ្ទះសម្បែងបានរួចរាល់ឡើងវិញ។
ព្រះតេជគុណ ប៉ែន សាវុធ ព្រះចៅអធិការវត្តស្រះរាំង មានសង្ឈដីកាថា ការផ្តល់អំណោយថវិកាជូនដល់បងប្អូន ញាតិញោមពេលនេះ គឺជាការចូលរួមចំណែកកាត់បន្ថយនៃការ របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខតែជីវភាព។ ហើយនេះគឺជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីទឹកចិត្តខ្មែរជួយខ្មែរ ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។ លោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍កោតសរសើរ និងអរគុណចំពោះព្រះមន្ត្រីសង្ឃស្រុកមង្គលបូរី និងមន្ទីរធម្មការនិងសាសនាខេត្ត ដែលបានជួយផ្តល់នូវអំណោយទាំងនេះជូនដល់បងប្អូន។ នេះគឺជាសន្ដានចិត្តដ៏ល្អមួយរបស់ខ្មែរ ដែលចេះជួយចែករំលែកនិងយល់ពីសុខទុក្ខគ្នា។ លោក យឹម សំណាង អភិបាលរងខេត្តបានបន្តថាចំពោះបងប្អូនទាំង ៣២គ្រួសារដែលបានទទួលអំណោយនាពេលនេះគឺធ្វើយ៉ាងណាកុំផ្ដេកផ្ដួលទៅលើអំណោយតិចតួចនេះគឺគ្រាន់តែជាការជួយសម្រាលដល់ជីវភាពបានមួយគ្រាតែប៉ុណ្ណោះ។ ដូចនេះហើយសូមបងប្អូនត្រូវខិតខំប្រឹងប្រែងរកទទួលទានដាំដំណាំដាំដុះបន្លែបង្ការផ្សេងៗ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារឲ្យប្រសើរឡើង ហើយក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មី សុំជួយបីបាច់ថែរក្សាកុំឲ្យមានគ្រោះធម្មជាតិដូចជាខ្យល់កន្ត្រាក់ត្រឡប់មកទៀតឲ្យសោះ ។
អំណោយ ដែលបានផ្តល់ជូន នាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករម្ភៃប្រាំគីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកត្រីទឹកស៊ីអ៊ីវប្រាំមួយដប ទឹកសុទ្ធមួយយួរទឹកសាប៊ូមួយដប និងថវិកាចំនួនដប់ម៉ឺនរៀល ៕









