បុរស០២នាក់ បានរងរបួសយ៉ាងដំណំ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកគ្នា
បាត់ដំបង ៖ យ៉ាងហោចណាស់បុរស០២នាក់ បានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង ០៧និង២៥នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវវាងក្រុង ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់់អូរម៉ាល់ ក្រុងបាត់ដំបង។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AG-5011បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដា CLICK ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង1AH-3118 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំងពីរនាក់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅសង្រ្គោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕



ដោយ ៖ សាលី