ឃាត់ខ្លួនក្មេងទំនើង០២នាក់ បញ្ជូនទៅតុលាការ ក្រោយប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងគំរាមសម្លាប់ជនរងគ្រោះ

បន្ទាយមានជ័យ ៖ ក្មេងទំនើង០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបានប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងគំរាមសម្លាប់ជនរងគ្រោះ ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ញាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ អាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស៊ាង គឹមឆាយ ភេទប្រុស អាយុ១៤ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពី ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងគំរាមថានឹងសម្លាប់ ប្រព្រឹត្តកាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខសាលារៀន សុវណ្ណភូមិ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ក្រោយពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្បែរសាលារៀនអនុវិទ្យាល័យកំពង់ស្វាយ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន០២នាក់ ១-ឈ្មោះ ហេង ស៊ីមិញ ហៅទឺ ភេទប្រុស អាយុ ១៦ ឆ្នាំ បច្ចុប្បន្ននៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, ២.ឈ្មោះ ហ៊ុត ជីងធាន ហៅប៊ូ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុតាងមួកសុវត្ថិភាពមួយ (វត្ថុតាងវាយជនរងគ្រោះ), ០១ម៉ូតូគ្រឿង និងទូរសព្ទចំនួន០២គ្រឿង ហើយបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះពិតប្រាកដមែន ដោយសារតែខឹងជនរងគ្រោះនិយាយថា ក្រុមបេនឡានរបស់ខ្លួនជាក្រុមអន់ ទើបខ្លួនគុំសងសឹកជាមួយជនរងគ្រោះតែម្តង ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរួចមក កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធី ៕

CATEGORIES
Share This