ឣាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានកម្លាំងក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថា មានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអគារមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់ចំណុចកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ្សារ៉ាន រ៉ាហ្សាលី (SYAHRAN RAZALI) ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ព្រមទាំងបានធ្វើការឆែកឆេររកឃើញវត្ថុតាងគ្រឿងញៀន ប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ៣,១២ក្រាម និងថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន ព្រមទាំងម៉ូតូ០១គ្រឿង នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ ដើម្បីអនុវត្តតាមនីតិវិធី ៕


