ទណ្ឌិតចំនួន១០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តសៀមរាប ទៅកាន់ពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីរំដោះភាពចង្អៀតណែន

សៀមរាប ៖ ទណ្ឌិតចំនួន១០០នាក់ ដែលជាប់ឃុំក្នុងពន្ធនាគារខេត្តសៀមរាប ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីរំដោះភាពចង្អៀតណែន ។

ការផ្ទេរទណ្ឌិតចំនួន១០០នាក់នេះ ប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ និងធ្វើឡើងដោយអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ។

ប្រតិបត្តិការនេះ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន១០០នាក់ ពីពន្ធនាគារខេត្តសៀមរាប ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅពន្ធនាគារខេត្តឧត្តរមានជ័យ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និងលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈឹម សុផាណារ៉ាត ប្រធាននាយកដ្ឋានប្រតិបត្តិ ប្រកបដោយសុវត្ថិភាព ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This