ឆក់ដណ្តើមយកកាបូបលុយមិនសម្រេច កាប់ជនរងគ្រោះជាច្រើនកាំបិត បណ្តាលអោយរងរបួសយ៉ាងដំណំ

បាត់ដំបង ៖ បុរសម្នាក់ ត្រូវបានជនដែលគេស្គាល់ថា ជាមនុស្សបែកថ្នាំ កាប់ជាច្រើនកាំបិតបណ្តាលអោយរងរបួសយ៉ាងដំណំ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចទួលទ្រាផ្លូវគ្រោះក្រហម ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។

ប្រភពពីជនរងគ្រោះឈ្មោះ គឿន ភារ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ បានរៀបរាប់ថា ជនសង្ស័យនិងខ្លួន គឺជាមនុស្សធ្លាប់ស្គាល់គ្នា ហើយវាបែកថ្នាំ វាប្លន់យកលុយ (ប៉ុនប៉ងមនុស្សឃាតតាមកាប់អោយងាប់) ដែលដំបូងឡើយខ្លួនបានជិះម៉ូតូរ៉ឺម៉កដឹកប្រេង យកចែកអោយម៉ូយអស់ហើយ ដល់ពេលនោះឃើញវាដើរអែបផ្លូវលើខ្នងប្រឡាយ ខណៈដែលខ្លួនបានមកស្របទទឹម វាបានមកឆក់កាបូបលុយ តែឆក់អត់បាន វាក៏កាប់យកកាប់យក តែសំណាងល្អខ្លួនបានរត់គេចខ្លួនផុត ។

ចំណែកលោក រិទ្ធ ដែលជាអនុភូមិច្រាំងខ្ពស់ ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគីរី នៃខេត្តបាត់ដំបង បានបញ្ជាក់ដែរថា ជនសង្ស័យដែលប្រើអំពើហិង្សាខាងលើ គឺជាមនុស្សបែកថ្នាំ ហើយធ្លាប់ដើរកាន់កាំបិតតាមផ្លូវទៅមកទៅមកជាញឹកញាប់ ប៉ុន្តែមិនដែលប្រើអំពើហិង្សាទៅលើនណាម្នាក់នោះទេ តែថ្ងៃនេះជាក់ស្តែងបានប្រើហិង្សាទៅលើឈ្មោះ គឿន ភារ៉ាន់ ជាច្រើនកាំបិតរហូតមានដល់ឆ្អឹងផងដែរ។

ដោយឡែកសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឌឹម សន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកន្លែងកើតហេតុជាមួយគ្នា ហើយក្រោយពេលកើតហេតុ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ ចុះឃាត់ខ្លួនបានជាមួយនិងវត្ថុតាងកាំបិតកញ្ចែតដងឈើ០១ដើមផងដែរ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This