ប្រគេនភារកិច្ច ដល់ព្រះមន្ត្រីសង្ឃនិមន្តទៅគ្រប់គ្រងវត្ត គិរីធម្មបទខ្លាកូនថ្មី ជំនួសចៅអធិការចាស់ដែលលាចាកសិក្ខាបទទាំងមិនដឹងមូលហេតុ

បន្ទាយមានជ័យ ៖ ដើម្បីឲ្យមានការរីកចម្រើន មានភាពស្ងប់ស្ងាត់ និងភាពប្រសើរឡើងសម្រាប់វត្ត គិរីធម្មបទខ្លាកូនថ្មី និងជៀសវាងអធិករណ៍ផ្សេងៗ បន្ទាប់ពីភិក្ខុសង្ឃព្រះនាម សំ វ៉ាន់ថា ព្រះចៅអធិការវត្ត គិរីធម្មបទខ្លាកូនថ្មី ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានព្រមព្រៀងលាចាកសិក្ខាបទ (សឹក) ដោយស្ម័គ្រចិត្តទៅជាគ្រហស្ថរួចមក សាលាគណខេត្តបន្ទាយមានជ័យ លេខ៣៧៦/២៥ សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំពិធីប្រគល់ភារកិច្ចបណ្ដោះអាសន្ន ប្រគេនព្រះមន្ត្រីសង្ឃចំនួន៣ ព្រះអង្គ ដើម្បីគ្រប់គ្រងវត្តនេះ ។

ពិធីនេះប្រព្រឹត្តទៅនាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការចូលរួមពីសំណាក់លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ និងព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ ។    

ព្រះសមណៈញ្ញាណ ណាប់ ម៉ឺន បានមានសង្ឃដីកាថា សេចក្ដីសម្រេច ប្រគល់ភារកិច្ចប្រគេនព្រះមន្ត្រីសង្ឃទាំង ៣អង្គនាថ្ងៃនេះ រួមមាន ៖ ១,ព្រះភិក្ខុធម្មជ្ជោតោ អួង ច័ន្ទឧត្តម ព្រះវិន័យធរ អនុគណក្រុងសិរីសោភ័ណ ជាប្រធាន ។ ២,ភិក្ខុរតនបកាសកោ ស្ងួន ហ៊ុល ព្រះសមុហ៍អនុគណក្រុងសិរីសោភ័ណ ជាអនុប្រធាន ។ ៣,ភិក្ខុបញ្ញាសារោ ឆន សុខសាន្ត ព្រះលេខាអនុគណក្រុងសិរីសោភ័ណ ជាសមាជិក ។

ព្រះអង្គ ណាប់ ម៉ឺន ក៏បានធ្វើការផ្ដាំផ្ញើដល់គណៈសង្ឃ ព្រះសង្ឃធ្វើយ៉ាងណាឲ្យមានសាមគ្គីភាពផ្ទៃក្នុង ហើយរាល់ការផ្ដួចផ្ដើមគម្រោងសាងសង់ ជួសជុលកែលម្អសំណង់ផ្សេងៗ និងរៀបចំបរិស្ថានវត្តត្រូវស្នើសុំការអនុញ្ញាត និងប្រជុំពិភាក្សាគ្នាឲ្យបានល្អិតល្អន់ ហើយរាល់ចំណូលចំណាយត្រូវរាយការណ៍ប្រគេនជូន សាលាគណខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត ក្នុង១ត្រីមាសម្ដង។ ជាចុងក្រោយព្រះអង្គ ណាប់ ម៉ឺន បានធ្វើការក្រើនរំលឹក ដល់ព្រះគណៈសង្ឃ ព្រះសង្ឃធ្វើយ៉ាងណាត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសម្របសម្រួលការងារផ្សេងៗ ប្រគេនសាលាគណខេត្ត ដើម្បីធានាបាននៅប្រសិទ្ធភាព សុវត្ថិភាព សាមគ្គីភាព និងវឌ្ឍនភាព សម្រាប់វត្តគិរីធម្មបទខ្លាកូនថ្មីទាំងមូល ។

សូមបញ្ជាក់ថា ការលាចាកសិក្ខាបទរបស់អណ្តិត សំ វ៉ាន់ថា អតីតព្រះគ្រូចៅអធិការវត្ត គិរីធម្មបទខ្លាកូនថ្មី បានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ នាវត្តសុរិយារាម ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលការសឹកនេះ មិនបានបញ្ជាក់ច្បាស់ពីមូលហេតុអ្វីឡើយ តែបើតាមប្រភពមួយចំនួន បានឲ្យដឹងថា ការលាចាកសិក្ខាបទនេះ គឺ មានការជាប់ពាក់ព័ន្ធនឹងការសេពមេថុន និងការប្រើប្រាស់ហឹង្សាទៅលើស្រ្តីដោយប្រើអាវុធ ៕

CATEGORIES
Share This