ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរដែលវិលមកកម្ពុជាវិញ តាមច្រកអន្ដរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរដែលវិលមកកម្ពុជាវិញ តាមច្រកអន្ដរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។

ដំណើរសួរសុខទុក្ខនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមនិងអស់ប្រធាន អនុប្រធាន មន្ទីរអង្គភាពមួយចំនួនទៀតផងដែរ ។

ក្នុងដំណើរនេះឯកឧត្តម កែ គឹមយ៉ាន បានសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែរដោយភាពស្និទ្ធស្នាល និងបានបញ្ជាក់ប្រាប់ថា ចំពោះបងប្អូនដែលវិលមកស្រុកវិញនេះ មានក្រុមការងារចាំទទួល និងមានរថយន្តចាំដឹកបងប្អូនជូនទៅដល់ស្រុកកំណើត ដោយមិនអស់លុយកាក់នោះទេ មានទាំងអាហារសម្រន់ទៀតផង ។

សូមបញ្ជាក់ថា  នៅវេលាម៉ោង 8៖00 ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ភាគីថៃបានបើកច្រកទ្វារខ្លងឡឹក ឈមនឹងច្រក​ទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ចំណែកខាងកម្ពុជានៅមិនទាន់មានគោលការណ៍ឲ្យបើកច្រក ឬយ៉ាងណានោះទេ ប៉ុន្តែក្នុងអំឡុងពេលដែលភាគីថៃបើកច្រកនេះ បើមានបងប្អូនពលរដ្ឋខ្មែរ ដែលធ្វើដំណើរចេញពីប្រទេសថៃមកកម្ពុជា សមត្ថកិច្ចកម្ពុជា តែងបើកទ្វារទទួលស្វាគមន៍ដោយមិនទុកឲ្យពួកគាត់ឈរចាំ និងកកស្ទះនៅច្រកទ្វារឡើយ ៕

ដោយ ៖ លី គឹមហាក់

CATEGORIES
Share This