រដ្ឋបាលខេត្តបាត់ដំបង រៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥
បាត់ដំបង ៖ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូបើកដំណើរការជាផ្លូវការនូវព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៥ ដែលប្រព្រឹត្តធ្វើឡើងនៅបរិវេណខាងមុខអគារសាលាខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីរៀបចំឱ្យបងប្អូនអ្នកដាំដំណាំផ្សេងៗ បន្លែផ្លែឈើបានយកមកតាំងបង្ហាញនៅក្នុងទីនេះ ក៏ដូចជាយកមកលក់ ហើយបងប្អូនដែលមានសាវម៉ាវ ទុរេន មង្ឃុត ផ្សេងៗយកមកលក់ ហើយបើបងប្អូនចេះធ្វើបង្អែមផ្លែឈើសូមខិតខំធ្វើយកមកលក់ ដោយយើងធ្វើពិធីនេះរយះពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៧ មិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ហើយក្នុងនោះក៏មានការតាំងបង្ហាញនូវភូមិមួយផលិតផលមួយរបស់ខេត្តបាត់ដំបងផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា ក្នុងព្រឹត្តិការណ៍នេះដែរ គណៈកម្មការរដ្ឋបាលខេត្តក៏បានរៀបចំបុហ្វេទុរេន ហើយឆ្នាំបន្តបន្ទាប់និងចង់រៀបចំជាទីតាំងលក់ទាំងអង្កបាត់ដំបង ណែមបាត់ដំបង
និងអ្វីផ្សេងៗទៀតដែលជាផលិតផលខ្មែររបស់អ្នកបាត់ដំបង ជាក់ស្ដែងដូចជាថ្ងៃនេះ ទុរេន គឺជារបស់ខ្មែរអ្នកស្រុកសំឡូត និងស្រុកកំរៀង ដែលយើងដាំបានជិត ២០០០ ហិចតា ដូច្នោះសូមបងប្អូនធ្វើយ៉ាងម៉េចត្រូវគាំទ្រផលិតផលខ្មែរអ្នកបាត់ដំបង ហើយជាចុងក្រោយឯកឧត្តមសង្ឃឹមថា ព្រឹត្តិការណ៍នេះបានបង្ករលក្ខណះសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបងយើង ជាពិសេសគឺអ្នកចំការយើងអោយគាត់បានរីករាយ ហើយយើងគាំទ្រផលិតផលខ្មែរ ៕













ដោយ ៖ សាលី