ដុតកម្ទេចចោល ដូងក្រអូប១៥០០គីឡូក្រាម ក្រោយរកឃើញថា លួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ មកកម្ពុជា
ព្រះវិហារ៖ ផ្លែដូងក្រអូបចំនួន១៥០០គីឡូក្រាម ក្រោយស្រាវជ្រាវរកឃើញថា ឈ្មួញលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានបង្ក្រាប យកទៅដុតកម្ទេចចោលផងដែរ ។
បើតាមអាជ្ញាធរស្រុកឆែប បានឱ្យដឹងថា ក្រោយទទួលបានការណែនាំពីឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ដឹកនាំកំលាំងគណៈបញ្ជាការរដ្ឋបាលស្រុកឆែប រួមទាំងក្រុមមន្ត្រីគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សហការជាមួយមន្ត្រីគយសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ សហការជាមួយកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់រថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿង ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2243 មួយគ្រឿង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក ។ជាលទ្ធផលសមត្ថកិច្ចចម្រុះរកឃើញ៖ ផ្លែដូងក្រអូបចំនួន ២៨៥០ ផ្លែស្នើនឹង ១៥០០គីឡូក្រាម , ទឹកដូងច្រកដាក់ដបចំនួន ២៨០ដប ស្មើនឹង ៤២០លីត្រ ,សាច់ដូង ២៤គីឡូក្រាម ។
មន្ត្រីគយបានសាកសួរ និងស្រាវជ្រាវរកឃើញថា ដូងក្រអូបទាំងអស់នេះ គឺបានលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលតាមទូកឆ្លងកាត់កំពង់ចម្លង ឃុំកំពង់ស្រឡៅស្រុកឆែប ជាប្រភេទទំនិញដែលរាជរដ្ឋាភិបាលកម្ពុជាហាមឃាត់។ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋករខេត្តកំពង់ធំ ព្រះវិហារ បានចាត់ក្រោមឱវាទ យកទំនិញទាំងនោះ ទៅធ្វើការដុតបំផ្លាញចោល នៅក្នុងបរិវេណសាលាស្រុកឆែប។
សូមបញ្ជាក់ថា ការដុតបំផ្លាញចោលនេះ មានការចូលរួម មានការចូលរួមពី លោក អភិបាលស្រុក កំលាំងអធិការដ្ឋាននគរបាលស្រុក កំលាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីគយ និងអ្នកបើកបរ ឡានដឹកដូងក្រអូបនេះផងដែរ៕






