សម្តេច ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈ និងបួងសួងដើម្បីជាការដឹងគុណ ដល់បុព្វបុរសដែលបានកសាងប្រាសាទ នៅប្រាសាទបន្ទាយទ័ព
បន្ទាយមានជ័យ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអញ្ជើញថ្វាយគ្រឿងសក្ការៈ ភ្លេង និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនជាតិនិងមាតុភូមិ នៅប្រាសាទបន្ទាយទ័ព ស្ថិតនៅ ក្នុងភូមិ ថ្នល់ ដាច់ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។
ប្រាសាទបន្ទាយទ័ព ពុំមានសិលាចារឹកបញ្ជាក់ពី កាលបរិច្ឆេទ និងរាជ្យស្ដេចសាងសង់ទេ ប៉ុន្តែអ្នកស្រាវជ្រាវខ្មែរ និងបរទេស សិក្សាតាមរយៈសំណង់ ស្ថាបត្យកម្ម , រចនាបថសិល្បៈ និងសំណល់ បដិមា មាននៅក្នុងបរិវេណប្រាសាទនានា យល់ឃើញថា ៖ ប្រាសាទនេះ ប្រហែលជាកសាងឡើង ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ នៅអំឡុងដើមសតវត្សទី១៣ ឧទ្ទិស ចំពោះ ព្រះពុទ្ធសាសនាមហាយាន ។
ប្រាសាទកសាងនៅក្នុងកំពែង ចំនួន៤ជាន់ ៖ ១.កំពែង ខាងក្រៅជាដី (កំពែងទី៤) មានរាងស្ទើរជាចតុកោណស្មើ ជ្រុងនីមួយៗ មានប្រវែង២២០០ម៉ែត្រ ។ ២. កំពែងទី៣ ធ្វើពីថ្មបាយក្រៀម មានរាងបួនជ្រុងទ្រវែង មាន បណ្ដោយប្រវែង៨០០ម៉ែត្រ ទទឹងប្រវែង៥០០ម៉ែត្រ ។ ៣.កំពែងទី២ ធ្វើពីថ្មបាយក្រៀម មានរាងបួនជ្រុង ទ្រវែង បណ្ដោយប្រវែង១៥០ម៉ែត្រ ទទឹងប្រវែង១១០ ម៉ែត្រ កម្ពស់ប្រវែង ១ម៉ែត្រ គឺជា ខឿនទី១ របស់ ប្រាសាទព័ទ្ធពីក្រៅ ដោយកសិន្ធុធំមួយ ។ ៤.កំពែងទី១ មានរាងចតុកោណស្មើ មានជ្រុងនីមួយៗ ប្រវែង៧០ ម៉ែត្រ កម្ពស់ប្រវែង២,៥ម៉ែត្រ គឺជា ខឿនទី២របស់ប្រាសាទ ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យបវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរជ័យដល់ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស ពិសេស ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗព្រះអង្គ និងគ្រប់ៗគ្នា ជាពិសេសសូមគ្រប់ក្រុមគ្រួសារ ជៀសផុតពីជំងឺកាចសាហាវ ប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខសន្តិភាព សម្បូរណ៍កសិផល សម្បូរណ៍ទេសចរណ៍ ជៀសផុតពី គ្រោះរាំងស្ងួត និងសូមឱ្យបទឈប់បាញ់អាចអនុវត្តទៅប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចក៏បាន បួងសួងដល់ គុណបុណ្យ បារមី វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយប្រោសព្រំពរជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុង ឈរជើង ការពារ ទឹកដីពី ខ្មាំងសត្រូវ ពិសេស ក៏បានឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណ ក្ខន្ធបុព្វបុរស កសាងប្រាសាទ អ្នកស្នេហាជាតិ ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងបាត់បង់ជីវិត ក្នុងពេលប្រទេសជាតិជួប វិបត្តិ នៃភ្លើង សង្គ្រាមផងដែរ៕












